សម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរទស្សនកិច្ចការងារ នៅប៉េកាំង ដែលសម្តេច គ្រោងជួបនាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីចិន នៅល្ងាចនេះ

កូរ៉េខាងត្បូង ៖ នៅពេល​ឡើងលើ​យន្តហោះចាក​ចេញពីប្រទេស​កូរ៉េខាងត្បូង នា​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​ដំណើរ​ទស្សន​កិច្ចការងា​រ​របស់​សម្តេច នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​សម្តេច គ្រោង​ជួប​នា​យ​​ករដ្ឋមន្ត្រី​ចិន និង​ប្រធានាធិបតី​ចិន នៅ​ល្ងាច​នេះ​ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​ខ្ញុំ​សូម​ជម្រាបជូន​បងប្អូន​ជនរួមជាតិ​ផងដែរ អំពី​ការធ្វើដំណើរ​របស់ខ្ញុំ ទៅកាន់​ទីក្រុង​ប៉េ​កាំង នៅ​រសៀល​ថ្ងៃទី​៥​កុម្ភៈ​នេះ គឺជា​ដំណើរ​ទស្សន​កិច្ចការងា​រ ដែល​ខ្ញុំ​គ្រោង​នឹង​ជួប​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង នៅ​​​​ម៉ោង ៥:១៥​នាទី​ល្ងាច​នេះ និង​បន្ទាប់​មកជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង នៅ​ម៉ោង ៦:០០​ល្ងាច​នេះ មុននឹ​ង​​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជានៅ​យប់​នេះ​ ។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ​សុខ​សប្បាយ​ទាំងអស់គ្នា ​គ្រប់​ទីកន្លែង​»​ ។​

​នៅប្រទេសកូរ៉េខាងត្បូង សម្តេច​តេ​ជោ បានប្រកាសថា សម្តេច​នឹង​អញ្ជើញ​ទៅសាកសួរសុខទុក្ខ​ក្រុមនិស្សិត​ខ្មែរ ២៣​នាក់ ដែល​កំ​​​​ពុង​រៀននៅ​ទីក្រុង​វ៉ូ​ហាន ប្រទេស​ចិន នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ​។ ក៏ប៉ុន្តែ​នៅ​យប់ ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រសួងការបរទេស​ចិ​ន​ បានប្រកាសថា មិនអាច​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​បានទេ ព្រោះ​នៅ​ទីក្រុង​វូ​ហាន កំពុង​រាតត្បាត​ដោយ​ជំងឺ កូ​​​​រ៉ូ​​ណា ​។ ដូច្នេះ​សម្តេច​តេ​ជោ ក៏បាន​សម្រេច​ពន្យារពេល អញ្ជើញ​ទៅ​ទីក្រុង​វូ​ហាន តែ​សម្តេច​អញ្ជើញ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិ​ន​ នៅ​ថ្ងៃទី​០៥​កុម្ភៈ​នេះ មុននឹង​បន្តដំណើរ វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​ ៕​