ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ដល់ជូនម៉ាស់ចំនួន ៣ម៉ឺនម៉ាស់ ជូនកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមព្រំដែនក្នុងទិសយោធភូមិភាគទី៥ ដើម្បីការពារជំងឺរលាកសួតថ្មី កូរ៉ូណា

ខេត្តបាត់ដំបង ៖ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជា​ការ​រងយោធភូមិភាគទី៥ ទ ទួ​ល​បន្ទុកការងារព្រំដែន បាននាំយកម៉ាស់ចំនួន៣ម៉ឺនម៉ាស់​ ជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក សម្រាប់ចែកជូនដល់កងកម្លាំងប្រដាប់អា​វុ​ធ​ ដែលឈរជើងការពារតាមបន្ទាត់ព្រំដែនទាំង១៣ច្រក ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ។

ជាមួយគ្នានេះដែរ កងកម្លាំងយោធាក៏បានចែកម៉ាស់ជូនដល់ប្រជាពលរដ្ឋដែលឆ្លងកាត់តាមច្រកទាំង ១៣ផងដែរ ដើម្បីកា​រ​ពា​​​រនូវការឆ្លងវីរុសថ្មីឈ្មោះ កូរ៉ូណា ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសចិន ព្រមទាំងប្រទេសមួយចំនួនទៀត ក្នុងនោះនៅកម្ពុជាមាន១ករណីផងដែរ ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាសឱ្យដឹ​ង​​​ពីការរកឃើញបុរសជនជាតិចិនម្នាក់ មកពីទីក្រុងវូហាន បានកើតមានជំងឺផ្លូងដង្ហើម «កូរ៉ូណាវីរុស» ។

ជនជាតិចិនដែលរកឃើញកើតជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» នេះ មានឈ្មោះ ចា ជិនហូរ (JIA JIANHUA) ភេទប្រុស អាយុ ៦​០​ឆ្នាំ​ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ ៣នាក់ទៀត ។ ជនជាតិចិនដែលផ្ទុកមេរោគកូរ៉ូណានេះ​ និងក្រុមគ្រួសារ បានចេញដំណើរពីទីក្រុងវូហានមកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគ​សញ្ញា នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ ។

បច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានដាក់ឱ្យក្នុងបន្ទប់មួយដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមការតា​ម​ដា​ន​ស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ។ មកដល់ថ្ងៃនេះលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល អះអាងថា ស្ថានភាពជំងឺរបស់បុរសរូបនេះស្ថិតក្នុងស្ថានភាពដដែលមិនមានការវិវឌ្ឍន៍នោះទេ ៕