ដីដែលគេលួចចាក់លុបដើមកោងកាងនៅមាត់សមុទ្រ នៃភូមិសាស្ត្រឃុំព្រែកត្នោត ស្រុកទឹកឈូ ត្រូវអាជ្ញាធរខេត្តកំពតបញ្ជាឱ្យកាយចេញវិញហើយ

(ខេត្តកំពត)៖ ដីដែលគេចាក់លុបព្រៃកោងកាងចំណុចមាត់ឆ្នេរសមុទ្រ ស្ថិតក្នុងភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ត្រូវលោក ជាវ តាយ អភិបាលខេត្តខេត្តកំពត បញ្ជាឱ្យគ្រឿងចក្រកាយយកអាចម៍ដីចេញហើយកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ម្សិលមិញ ហើយនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ គ្រឿងចក្រនៅតែបន្តកាយយកអាចម៍ដីជាបន្តបន្ទាប់ទៀត។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបាននិយាយថា សកម្មភាពចាក់ដីក្នុងមាត់សមុទ្រនេះបានកើតឡើងប្រហែល១០ថ្ងៃមកហើយ ដោយគេឃើញរថយន្តលួចឆ្មក់ដឹកដីមកចាក់ម្តងមួយឡានៗ ហើយសកម្មភាពនេះបានប្រព្រឹត្តទៅដោយគ្មានរំខានដល់អាជ្ញាធរមូលដ្ឋានបន្តិចឡើយ ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់ជំនាញ ដើម្បីចុះមកពិនិត្យតែម្តង។

ក្រោយពីមានសេចក្តីរាយការណ៍ មានជនខិលខូចចាក់ដីទន្ទ្រានលុបព្រៃកោងកាងនៅមាត់ឆ្នេរសមុទ្រ ចំណុចសហគមន៍ព្រែកត្នោត លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានចុះមកត្រួតពិនិត្យផ្ទាល់ ដោយបានបញ្ជាដល់អាជ្ញាធរក្នុងតំបន់ត្រូវតែកាយអាចម៍ដីដែលចាក់លុបមាត់សមុទ្រនេះចេញវិញដោយគ្មានលក្ខខណ្ឌ។

សូមជម្រាបថា បន្ទាប់ពីមានករណីចាក់ដីនៅមាត់នៅមាត់សមុទ្រនៅឃុំព្រែកត្នោត នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ គេឃើញវត្តមានលោក ជាវ តាយ អភិបាលខេត្តកំពត លោក ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល បានចុះពិនិត្យមើលទិដ្ឋភាពជាក់សនតែង ដោយខណៈនោះ លោកអភិបាលខេត្តកំពត ក៏បានបញ្ជាឲ្យគ្រឿងចក្រកាយដី ដែលរំលោភព្រៃកោងកាង នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ចេញវិញជាបន្ទាន់។

ជាមួយនេះដែរ លោកអភិបាលខេត្ត ក៏បានលើកបញ្ជាក់ថា អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋក្នុងសហគមន៍គឺជាកង្វល់របស់រាជរដ្ឋាភិបាល។ ដូច្នេះរដ្ឋបាលខេត្តគ្មានអ្វីដែលទុកបណ្ដោយឲ្យការរំលោភបំពានណាមួយ ដែលផ្ទុយនឹងការអនុវត្តច្បាប់នោះទេ ដូច្នេះក្រុមហ៊ុនត្រូវផ្អាកធ្វើសកម្មភាពចាក់ដីលុប ហើយក្រុមហ៊ុនត្រូវតែកាយដី ដែលចាក់ចូលសមុទ្រ ចេញវិញជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ៕