រដ្ឋមន្ត្រីក្រសួងព័ត៌មានថា កិច្ចការងារសំខាន់បំផុតចំនួនបីដែលប្រធានមន្ទីរព័ត៌មានត្រូវធ្វើ

ខេត្តកែប ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានក្រើនរំឭកដល់ប្រធានមន្ទីរព័ត៌ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការងាររៀបចំកម្មវិធីផ្តល់ និងយកព័ត៌មានឲ្យបានទំលំទូលាយគ្រប់ជ្រុងជ្រោយ និងគ្រប់វិស័យទាំងអស់នៅក្នុងខេត្ត។
ដើម្បីឲ្យការងារនេះប្រព្រឹត្តទៅបានរលូន និងជោគជ័យទាមទារឲ្យប្រធានមន្ទីរត្រូវប្រកាន់ខ្ជាប់នូវចំណុចសំខាន់ចំនួនបី គឺមានទំនាក់ទំនងល្អ រៀបចំប្រជុំជាទៀតទាត់ និងប្រមូលសាមគ្គីផ្ទៃក្នុងល្អ។

លោករដ្ឋមន្រ្តីថ្លែងបែបនេះក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរព័ត៌មានខេត្តកែបថ្មីនៅព្រឹកថ្ងៃទី២១ ខែកមរា ឆ្នាំ២០២០នេះ។
បន្ថែមលើនេះលោករដ្ឋមន្រ្តីបានមានប្រសាសនែនាំ ក៏ដូចជាក្រើនរឭកដល់ប្រធានមន្ទីរព័ត៌ទាំងអស់ថា ការងារព័ត៌មាន២៤ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ គ្មានពេលត្រូវឈប់សម្រាកទេ។

លោករដ្ឋមន្រ្តីបន្តថា មន្ត្រី និងប្រធានមន្ទីរព័ត៌មានត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ឲ្យកាន់ខ្លាំងខ្លាបន្ថែមទៀត។

លោកបានបញ្ជាក់ថា សារព័ត៌មានមានតួនាទីសំខាន់ណាស់សំរាប់ជាស្ពាន់ចម្លងព័ត៌មានពីពលរដ្ឋទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋវិញ អំពីហេតុការណ៍ ស្ថានភាពសង្គមនៅតាមមូលដ្ឋាននានា សេចក្តីត្រូវការ និងការស្នើសុំជាដើម។

ដើម្បីឲ្យការងារទាំងនេះប្រព្រឹត្តទៅរលូន លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់លោករដ្ឋមន្រ្តីបានអនុសាសន៍ចំនួន៣ចំណុចរួមមាន ៖ ទី១. ប្រធានមន្ទីរត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ និងឯកជន ក្រុមហ៊ុន មន្ទីរនានាជុំវិញខេត្តរបស់ខ្លួនឲ្យបានល្អ។ ទី២. ប្រធានមន្ទីរត្រូវកំណត់រៀបចំការប្រជុំជាទៀតទាត់ជាមួយនិងមន្ត្រីក្រោមឧវាទ ឲ្យបានញឹកញាប់ ហើយបើអាចត្រូវធ្វើការប្រជុំរាល់ព្រឹកដើម្បីរៀបចំផែនការ ថាតើត្រូវធ្វើអ្វីខ្លះ ? តើមានរឿង ឬព្រឹត្តិការណ៍អ្វី ដែលបាននឹងកំពុងកើតឡើងក្នុងខេត្តជាដើម និងទី៣ ប្រធានមន្ទីរត្រូវចេះប្រមូលផ្តុំសាមគ្គីគ្នា ពិសេសត្រូវចេះគ្រប់គ្រងចាត់ចែង មន្ត្រីធ្វើការឲ្យបានត្រឹមត្រូវតាមជំនាញរបស់ពួកគេ ដោយមិនចាំបាច់ទាល់តែប្រធានចេះគ្រប់សព្វនោះទេ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២១ ខែកមរា ឆ្នាំ២០២០ នៅខេត្តកែបមានរៀបចំពិធីប្រកាសចូលកាន់តំណែង លោក រស់ ឧត្តុង ជាប្រធានមន្ទីរព័ត៌មានខេត្តកែបថ្មី ជំនួសលោក លៀវ ស៊ុនសារី ដែលបានចូលនិវត្ត និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មានឋានៈស្មើអគ្គនាយក៕