ស្នងការខេត្តតាកែវ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា និង លើកទិសដៅខែធ្នូ

ខេត្តតាកែវ ៖  នាព្រឹកថ្ងៃពុធ០១កើត ខែមិគសិរ ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦៣  ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩  នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ  មានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍  និងលទ្ធផលកិច្ចប្រតិបត្តិការ  រក្សាសន្តិសុខ  សណ្តាប់ធ្នាប់ សង្គមប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០១៩ និងមានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ  សុខ  សំណាង  ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ  ដោយមានការអញ្ជើញចូលរួមពីលោក  លោកស្រី  ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង ទាំង១២ផែន លោកនាយការិយា​ល័យជំនាញ ទាំង៣២ លោកអធិការនគរបាលទាំង ៩ស្រុកមួយក្រុង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៣ និងមន្រ្តីក្រោមឱវាទសរុបចំនួន៤៣២នាក់  ស្រី១៦នាក់ ។

ក្នុងឱកាសនោះលោក វរសេនីយ៍ទោ  សុខ  ស៊ុយ  នាយរងការិយាល័យសរុបផែនការ បានអានរបាយការណ៍ប្រចាំខែវិច្ឆិកា លើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៩  រួចមកលោក ឧត្តមសេនីយ៍ទោស្នងការ គណៈអធិបតីបានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិ និងប្រកាសតែងតាំងមុខតំណែងជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិចំនួន ២០៩ នាក់ ស្រីចំនួន ១៥ នាក់ និងប្រគល់ប្រកាសតួនាទីភារកិច្ចជូនលោក ស្នងការរងចំនួន០២នាក់ និង លោកអធិការចំនួន១នាក់រួមមាន ៖

 -ថ្នាក់អនុសេនីយ៍ឯក ចំនួន៧៩នាក់

 -ថ្នាក់អនុសេនីយ៍ទោ ចំនួន៤៣នាក់

 -ថ្នាក់អនុសេនីយ៍ត្រី ចំនួន២០នាក់

 -ថ្នាក់ព្រិន្ទបាលឯក ចំនួន៨នាក់ ។

ថ្លែងទៅកាន់អង្គពិធីប្រជុំនោះ ដែរលោក ឧត្តមសេនីយ៍ទោ  ស្នងការ បានសំណេះសំណាលណែនាំផ្តាំផ្ញើរ ក្រើនរំលឹកដាស់តឿន និងពង្រឹងវិន័យលេខ(០០៦បបជ) របស់កងកម្លាំងនគរបាលជាតិ ដល់មន្រ្តីនគរបាលទទួលបានការតែងតាំងថ្មីៗ ត្រូវតែខិតខំបំពេញភារកិច្ចឲ្យបានល្អទៅតាមជំនាញដែលថ្នាក់លើប្រគល់ជូន ព្រមទាំងជម្រុញឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់កម្រិតខ្ពស់ក្នុងពេលប្រចាំការ២៤ម៉ោងលើ ២៤ ម៉ោង ចេញល្បាតចល័ត និង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា និង អនុវត្តឱ្យបានសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព  ដើម្បីកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋានខេត្តផងដែរ ៕