ពិធីបើកការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ទទឹង៦ម៉ែត្រ បណ្តោយប្រវែង ២០១៨ម៉ែត្រ ក្រោមគម្រោងមូលនិធិស្រុកឆ្នាំ២០១៩

ខេត្តកែប ៖ នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក   ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ  ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប  អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ទទឹង៦ម៉ែត្រ បណ្តោយប្រវែង ២០១៨ម៉ែត្រ ក្រោមគម្រោងមូលនិធិស្រុកឆ្នាំ២០១៩  ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។   ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ស្នងការ លោកវរសេនីយ៍ មេបញ្ជាការរង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ លោកស្រីគណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋជាង ៣០០នាក់ ។

    លោកស្រី គឹម ចន្នី អភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ បានធ្វើសេចក្តីរាយការណ៍ពីទីតាំងភូមិសាស្ត្រស្រុកថា ជាតំបន់ភ្នំ ជំរេលភ្នំ និងតំបន់ឆ្នេរសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធមិនទាន់មានគ្រប់គ្រាន់តាមតម្រូវការរបស់ប្រជាពលរដ្ឋនៅឡើយ ។  ប្រជាពលរដ្ឋនៅតំបន់នេះ មិនដែលមានផ្លូវល្អក្នុងការធ្វើដំណើរទេ ដូចជាការដឹកជញ្ជូនភោគផលពីការនេសាទ ផលដំណាំ ពេលមានបងប្អូនក្នុងភូមិឈឺធ្ងន់ និងការធ្វើដំណើរទៅសិក្សារបស់ក្មួយៗសិក្សានុសិស្ស គឺពិបាកខ្លាំង ។

  លោកស្រីអភិបាលស្រុកបន្តថា ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋក្នុងភូមិអង្កោលមានការសប្បាយចិត្តជាខ្លាំង ដែលទទួលបានផ្លូវលំ ១ខ្សែ ប្រវែង២០១៨ នាពេលនេះ ព្រោះផ្លូវនេះបានជួយសំរួលដល់ការធ្វើដំណើរ របស់ពួកគាត់ដែលផ្ទះសម្បែងនៅតំបន់នោះ, ការ ដឹកជញ្ជូនផលនេសាទ ពីក្នុងភូមិយកទៅទីផ្សារ សំខាន់ពេលប្រជាពលរដ្ឋឈឺស្កាត់ធ្ងន់ធ្ងរ ងាយស្រួលបញ្ជូនទៅព្យាបាលបានទាន់ពេលវេលា ។

   ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ នោះផងដែរ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានពាំនាំការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកែបផងដែរ ។

   ឯកឧត្តម បានលើកឡើងថា មានផ្លូវ មានសង្ឃឹម  ពីមុនពេលដែលតំបន់នេះ មិនទាន់មានផ្លូវ ប្រជាពលរដ្ឋមានការលំបាកខ្លាំង ក្នុងការធ្វើដំណើរ  តែពេលនេះ យើងមានផ្លូវ ការធ្វើដំណើរមានភាពងាយស្រួលច្រើន អាចជួយបង្កើននូវសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋនៅតំបន់នេះផងដែរ ។

  ឯកឧត្តម អភិបាលខេត្ត សូមឲ្យប្រជាពលរដ្ឋដែលនឹងទទួលបានផ្លូវលំ ដ៏ថ្មីស្រឡាងប្រើប្រាស់នាពេលឆាប់ៗនេះ ត្រូវរួមគ្នាជួយ ថែទាំ ដើម្បីប្រើប្រាស់បានយូរអង្វែង ។  ឯកឧត្តម បានជំរុញក្រុមហ៊ុនម៉ៅការ ពន្លឿនការសាងសង់ និង ពិនិត្យលក្ខខណ្ឌៈបច្ចេកទេស ត្រឹមត្រូវតាមស្តង់ដារ និង បានឲ្យមន្ត្រីជំនាញសិក្សា ពីការតបណ្តាញអគ្គិសនី និងសន្យាថា ប្រជាពលរដ្ឋតំបន់នេះ នឹងមានអគ្គីសនីជូនបងប្អូនប្រើប្រាស់ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ។

    បន្ទាប់ពីអញ្ជើញជាអធិបតី បើកការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហម១ខ្សែរ ទទឹង៦ម៉ែត្រ បណ្តោយប្រវែង ២០១៨ម៉ែត្រ ក្រោមគម្រោងមូលនិធិស្រុកឆ្នាំ២០១៩  រួចមក ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យ ការដ្ឋានជួសជុលផ្លូវខេត្តលេខ ១៣៣២ ដោយប្រើសរសៃដែក និង ប៉េតុងដែលមានកម្រាស់ ០,២ម៉ែត្រ  បណ្តោយ ៦៦០ម៉ែត្រ ទទឹង ៩ ម៉ែត្រ ស្ថិតនៅភូមិអង្កោល  ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ផងដែរ ៕