បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ហើយមិនមានការប្រុងប្រយ័ត្ន ខណៈអោនយកទឹកផឹកស្រាប់តែជ្រុលចង្កូតទៅបុករង្វង់មូលគល់ស្ពានព្រែកសំរោង

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ហើយមិនមានការប្រុងប្រយ័ត្ន ខណៈអោនយកទឹកផឹកស្រាប់តែជ្រុលចង្កូតទៅបុករង្វង់មូលគល់ស្ពានព្រែកសំរោង និងរេចង្កូតទៅបុកបង្គោលភ្លើង ព្រមទាំងបង្គោលឃាំងចញ្ចើមផ្លូវបាក់អស់​២​ដើ​ម​ ឯរថយន្តធ្លាក់ផ្លូវរងការខូចខាត ។

    ករណីគ្រោះថ្នាក់ចរារចណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែ​វិ​ច្ឆិ​កា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលជាប់គល់ស្ពានព្រែកសំរោង កែងផ្លូវថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំ​​​​​ពេញ ។ អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយបើករថយន្តបង្ក ម៉ាកកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2​T​-​​5715  ។

   បើតាមសម្ដីម្ចាស់រថយន្តបង្ក ដោយមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា រូបគាត់បានបើករថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវ​ថៃ​ហ្គ័រ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ មិននឹកស្មានថាដល់រង្វង់មូល រួចក៏​ឱ​នយ​ក​​​ទឹ​កផឹក ពេលកំពុងតែឱនស្រាប់តែមកដល់រង្វង់មូលតែម្ដង ទើបបុកសួនរង្វង់មូល ហើយរេចង្កូតមកស្ដាំដៃទៅបុកបង្គោលភ្លើ​ង និង បង្គោលឃាំងចិញ្ចើមផ្លូវ បាក់ទាំងអស់២ដើមរាបដល់ដី ។  ចំណែករថយន្តបានធ្លាក់ផ្លូវ និង បើកកាត់ព្រៃបម្រុងគេ​ច​​​​​ខ្លួន តែត្រូវសមត្ថកិច្ចដែលប្រចាំការឃើញទាន់ ក៏ឃាត់បានទាំងអ្នកបើកបរ និងរថយន្ត  ។

   ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តបង្ក និងទ្រ​ព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕