កងកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្រ្កាបដំណាំកញ្ឆាបានជាង ៤ពាន់ដើម និងដកហូតកញ្ឆាក្រៀមជាង ១០០គីឡូក្រាម នៅស្រុកគិរីវង់

ខេត្តតាកែវ ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ដោ​​​​យ​មានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការសហ​កា​រ​ណ៍​​ជាមួយ លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កំលាំងនៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវ បានចុះបង្រ្កាប និងកាប់ដុតកម្ទេច ចោលដំណាំកញ្ឆាបាន ៤ទីតាំង មានចំនួន ៣៣៥០ដើម អាងទឹក ៥ រោងស្នាក់នៅ ២​​​​​កន្លែងធំៗ និងបានរឹបអូសកញ្ឆាក្រៀមចំនួន ៩៨គីឡូក្រាម ស្មើនឹង ១៥បាវ រថយន្តហាយឡែនឌ័រ ១គ្រឿង និងឃាត់ខ្លួនអ្នកចាំ​ចំការម្នាក់មានឈ្មោះ ធីម ណា ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបបរមិនពិតប្រាកដ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរី​វង់ ខេត្តតាកែវ ។

គួរបញ្ជាក់ថា តំបន់ជួរភ្នំបាយ៉ង់កោ ដែលស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ គឺជាទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ ដុះស្លែរាប់សិបឆ្នាំ​មកហើយ ហើយបើទោះបីជាសមត្ថកិច្ចប្រឹងប្រែងបង្រ្កាបយ៉ាងណា ក៏ជនខិលខូចនៅតែបន្តលួចដាំដោយនាំទៅលក់នៅប្រ​ទេ​​​​​សវៀតណាម ដោយកញ្ឆាក្រៀមមួយគីឡូលក់បានក្នុងតម្លៃប្រមាណជាង ៥០០ដុល្លារ ។

បច្ចុប្បន្នជនសង្ស័យ ដែលជាអ្នកចាំចម្ការរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់សា​លា​​​​​ដំបូងខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់   ៕