អភិបាលខេត្តស្ទឹងត្រែង បញ្ជាកម្លាំងសមត្ថកិច្ចខេត្ត ចុះបង្ក្រាប និងរឹបអូសរថយន្តដឹកឈើពីរគ្រឿង ទូកម៉ាស៊ីនមួយគ្រឿង រួមនិងឈើកែច្នៃជាច្រើនម៉ែត្រគូប !!!

ខេត្តស្តឹងត្រែង ៖ ប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនឈើធ្វើជំនួញល្មើសច្បាប់ ពីឈ្មួញមួយក្រុមតូច របស់កម្លាំងសមត្ថកិច្ចចម្រុះខេត្ត ក្នុងនោះមានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសខេត្ត កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើឡើងក្នុងរយះពេល៣ថ្ងៃបន្តបន្ទាប់ នៅ៣ទីទាំងដាច់ដោយឡែកពីគ្នា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្ត្រស្រុកសេសាន និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

                 សមត្ថកិច្ចនៅក្នុងការបង្ក្រាបបានឲ្យដឹងថា ការចុះបង្ក្រាបការដឹកជញ្ជូនឈើធ្វើជំនួញ ពីឈ្មួញឈើនៅក្នុងខេត្ត នៅក្នុងរយះពេល៣ថ្ងៃកន្លងមកនេះ គឺ ធ្វើឡើងក្រោមបញ្ជាពី ប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក ម៉ុម សារឿន ហើយសមត្ថកិច្ចបានឈានទៅបង្ក្រាបទូកដឹកឈើបាន១គ្រឿង នៅថ្ងៃទី១៨វិច្ឆិកា ស្ថិតនៅចំណុចស្រែតាចាន់ ក្នុងឃុំក្បាលរមាស ស្រុកសេសាន។ នៅថ្ងៃទី១៩វិច្ឆិកា  ចាប់រថយន្តសាំយ៉ុងដឹកឈើ១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2U- 3701 ដោយកម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់បាននៅលើដងផ្លូវជាតិលេខ៧ នៅមុខស្នាក់ការសន្តិសុខ៧២២ ភ្នំក្រហម ស្ថិតក្នុងស្រុកសៀមបូក និង រថយន្តសាំយ៉ុងដឹកជញ្ជូនឈើ១គ្រឿងទៀត ពណ៌ស ស្លាកលេខ ភ្នំពេញ 2Q-60 97 ជារថយន្តរបស់ថៅកែស្រី ឈ្មោះ ចែ ពុយ គឺជាមេឈ្មួញឈើចំណាកស្រុក មកតាំងទីលំនៅដើម្បីរកស៊ីឈើ នៅចំណុចផ្លូវបំបែកចូលទៅទំនប់វ៉ារីអគ្គិសនី សេសានក្រោម២ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ លោកថា លទ្ធផល នៃកិច្ចប្រតិបត្តិការ កម្លាំងចម្រុះ បង្ក្រាប និងដកហូតបានទូកម៉ាស៊ីនដឹកឈើ១គ្រឿង រថយន្តសាំយ៉ុងដឹកឈើ២គ្រឿង និងឈើកែច្នៃជាច្រើនម៉ែត្រគូប ទាំងមធ្យោបាយបំរើឲ្យការដឹកជញ្ជូនបទល្មើសព្រៃឈើ និងឈើកែច្នៃ សមត្ថកិច្ចបានដាក់ការសង្ស័យថា គឺជារបស់ថៅកែស្រី ឈ្មោះ ចែ ពុយ។

            មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង​ លោក ហ៊ុន សំអឿន បាននិយាយថា រថយន្តសាំយ៉ុងដឹកឈើ១គ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2U-3701 គឺ ជារថយន្តរបស់ថៅកែស្រី ឈ្មោះ ចែ ពុយ ។ លោកបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានបន្ថែម ពីតៃកុងរថយន្តដឹកឈើនោះ លោកបានសហការជាមួយកម្លាំងប្រដាប់អាវុធ ចុះមកកាន់ទីតាំងស្តុបឈើ ហើយបានប្រទះឃើញ ឈើកែច្នៃជាទ្វារ ជាច្រើនម៉ែត្រគូប នៅជុំវិញផ្ទះមេឈ្មួញ ឈ្មោះ ចែ ពុយ ។ លោកបន្តថា ដោយឃើញបទល្មើសជាក់ស្ដែងបែបនេះ ទើបកម្លាំងសមត្ថកិច្ច ចាប់រឹបអូសយកមកទុកជាសម្បត្តិរដ្ឋ ។

            សមត្ថកិច្ចបាននិយាយថា នៅក្នុងពេលកម្លាំងចម្រុះ កំពុងធ្វើការចាប់ឃាត់រថយន្តដឹកឈើរបស់ ចែ ពុយ ពណ៌ស ស្លាកលេខ ភ្នំពេញ 2Q-6097 នោះ ក្នុងគ្រានោះចែ ពុយ និងប្អូនស្រីរបស់គាត់ ក៏បានដើរចូលមក តវ៉ា និងដណ្ដើមយក រថយន្តដឹកឈើ នោះផងទៀត តែទោះជាយ៉ាងណា កម្លាំងនគរបាលប្រឆាំងបទល្មើសខេត្ត បានធ្វើការចាប់យករថយន្តនោះ ទៅកាន់ស្នាក់ការឈរជើងរបស់ខ្លួនទៅហើយ ។ លោកថា សកម្មភាពប្រព្រឹត្តបទល្មើស បង្កើតរោងសិប្បកម្មកែច្នៃឈើល្មើសច្បាប់ ជាច្រើនកន្លែងនៅក្នុងឃុំស្រែគរថ្មី ស្រុកសេសាននេះ គឺ កើតមានជាយូរមកហើយ ហាក់ដូចជាមានការរៀបចំជាសេនារីយ៉ូ ឲ្យក្រុមឈ្មួញបន្តប្រព្រឹត្តបទល្មើសព្រៃឈើ ដោយប្រើប្រាស់ទូកម៉ាស៊ីនដឹកឆ្លងកាត់តំបន់វារីអគ្គិសនីសេសាន២ បន្តយកមកដាក់រថយន្ត យកមកស្តុកទុកនៅក្នុងបរិវេណផ្ទះ ចែ ពុយ រួចបន្តដឹកជញ្ជូនយកទៅផ្គត់ផ្គង់ទីផ្សារនៅក្រៅរង្វង់ដែនដីខេត្តស្ទឹងត្រែង ។ ក្រោយពីបានដឹងសកម្មភាពដឹកឈើផ្ទុយពីច្បាប់នេះ អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាកម្លាំងសមត្ថកិច្ចចម្រុះ ចុះស្ទាក់បង្ក្រាបបទល្មើសធនធានធម្មជាតិ ហើយឈានទៅរឹងអូសបានទូកម៉ាស៊ីនដឹកឈើ១គ្រឿង រថយន្តសាំយ៉ុងដឹកឈើ២គ្រឿង និងឈើកែច្នៃជាច្រើនម៉ែត្រគូប។

            នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក អន ចាន់សុជាតិ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២១វិច្ឆិកានេះថា រថយន្តសាំយ៉ុង២គ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការប្រព្រឹត្តបទល្មើស ត្រូវបាននាំយកមករក្សាទុក នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ទូកម៉ាស៊ីន១គ្រឿង និងឈើជាច្រើនម៉ែត្រគូប ដែលមិនទាន់វាស់វែង ត្រូវបានបញ្ជូនមករក្សាទុក នូវខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។ ចំណែក ស្ត្រីឈ្មោះ ពុយ ប្រសិនបើសមត្ថកិច្ចរកឃើញថា ពិតជាជនដែលបានប្រព្រឹត្តបទល្មើសព្រៃឈើមែននោះ លោកនឹងចាត់មន្ត្រីឲ្យកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធីច្បាប់  ៕