ប្រទះឃើញសាកសពកម្មការិនីម្នាក់ ដេកស្លាប់សង្ស័យ ត្រូវឃាតកអាកសម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងរោងចក្រ «ធី វ៉ាយ អេឡិកទ្រិក» ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងមិនអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌​មា​ន​ ទៅផ្តិតយករូបភាពក្បែរសាកសពនោះទេ ។ ករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងរោងចក្រមួយកន្លែង ស្ថិតភូមិដើម​ពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសារកម្មការិនីម្នាក់ ត្រូវឃាតករ អាកសម្លាប់យ៉ាងព្រៃផ្សៃ ។

ចំណែកឯទិដ្ឋភាពនៅខាងក្រៅរោងចក្រវិញ មានកម្មករ កម្មការិនី ប្រជាពលរដ្ឋចោមរោមមើលយ៉ាងច្រើនកកកុញ ដើម្បីរង់ចាំ​មើ​លសមត្ថកិច្ចចាប់ជនដៃដល់ មកផ្តន្ទាទោសទៅតាមច្បាប់ ។

ជនរងគ្រោះឈ្មោះ ខឹម ពិសាល ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រៃរកា ឃុំព្រៃឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វា​យ​រៀង បណ្តាលអោយស្លាប់នៅនឹងកន្លែង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានយកមកកាំបិតចិតបន្លែ​មក​អា​​ក​សម្លាប់តែម្តង ។ ហើយកម្មការិនីរងគ្រោះនេះ បម្រើការនៅរោងចក្រផលិតអំពូលភ្លើង លំអគ្រប់ប្រភេទ «ធី វ៉ាយ អេ​ឡិក​ទ្រិ​ក​ ឯ.ក»ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គាដើមពោធិ៍  ។

សមត្ថកិច្ចជំនាញទទួលបានតម្រុយខ្លះៗហើយ ដោយបានដាក់ការសង្ស័យទៅលើបុរសម្នាក់ ដែលជាសង្សារជនរងគ្រោះ ដែលធ្វើការ​ក្នុងរោងចក្រជាមួយគ្នា ហើយមូលហេតុនៃការសម្លាប់មនុស្សនេះ សង្ស័យអាចបណ្តាលមកពីការប្រច័ណ្ទ ដោយជនសង្ស័យបា​ន​រ​​ត់គេចខ្លួនក្រោយពេលបានប្រព្រឹត្ត ។

ស​មត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់ថា ករណីនេះ ជាករណីឃាតកម្ម ឬយ៉ាងណានោះទេ រង់ចាំការស្រាវជ្រាវបន្ត  ៕