ជនរងគ្រោះជាជាងម៉ូតូមា្នក់ ត្រូវបា​ន​ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ

ខេត្តតាកែវ ៖ ជនរងគ្រោះមា្នក់ត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយមិនអាចជួយសង្គ្រោះបាន ក្រោ​យ​មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពកាប់ចាក់នៅលើដងផ្លូវជាតិលេខ២ក្នុងក្រុងដូនកែវ ។

ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចន្លោះម៉ោង០២ដល់ម៉ោង០២និង​២​០​​នា​ទី​ ស្ថិតនៅចំណុចជិតស្ពានអូរចំបក់ ក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្នុងដូនកែវ ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ ឡុ​ង​ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាជាងជុសជុលម៉ូតូ ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិល្វេ​ក្រោម ឃុំល្វេ ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ប៉ូលីសជំនាញនៃអធិការនគរបាលក្រុងដូនកែវបានបញ្ញាក់ថា ជនរងគ្រោះត្រូវ​បានជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពកាប់ចាក់និងវត្ថុមុតស្រួច បណ្តាលឲ្យរងរបួសធ្ងន់និងបានស្លាប់បា​ត់​​​ប​ង់​ជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយមិនអាចជួយសង្គ្រោះបានព្រោះស្ថានភាពរបួសធ្ងន់ធ្ងរពេក ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចបើកការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន ៕