មុខសញ្ញាចែកចាយ និង ប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន

ខេត្តតាកែវ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់អំពីបទល្មើសជួញដូរគ្រឿងញៀនក្នុងមូលដ្ឋានខេត្តតាកែវ ទៅតាមបទបញ្​ជា​យ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅវេលាម៉ោង ១២.៣០នាទី ថ្ងៃច័ន្ទ ០​​​៧​​រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កម្លាំងជំនាញរបស់អធិការដ្ឋាននគ​រ​បា​ល​ស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋលំពង់ បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន០៣នាក់ នៅចំ​ណុ​​​ចភូមិត្រពាំងគ្រោះ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។​

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនទី១. ឈ្មោះ គឹម សីហា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូ​មិ​ពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ ទី២. ឈ្មោះ អួន វាសនា ភេទប្រុស អា​​​យុ ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងទី៣. ឈ្មោះ វ៉ាត ផានុត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំ​​​​​លំ​ពង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។

ករណីនេះបន្ទាប់ពីសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានហើយកម្លាំងជំនាញបានធ្វើការដកហូត វត្ថុតាងរួមមាន ម្សៅក្រាមពណ៌​ស​​​​​​ថ្លា ០៨កញ្ចប់ (ធំ ០១កញ្ចប់ តូច០៧កញ្ចប់) ម៉ូតូ ០២គ្រឿង និង ទូរស័ព្ទដៃ ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និងស្រាវជ្រាវរកបក្ខពួកដែលនៅ​សេសសល់​ម​កផ្តន្ទាទោសតាមច្បាប់   ។